ក្រសួងហិរញ្ញវត្ថុថៃ គម្រោងចែកលុយដល់ប្រជាជនខ្លួនម្នាក់ ១,៥០០បាត សម្រាប់ដើរលេងកម្សាន្តតាមបណ្តាខេត្ត ដើម្បីបង្កើនវិស័យទេសចរណ៍

ក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ពួកគេកំពុងចាប់ផ្តើមកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងប្រទេសថៃដោយផ្តល់ឱ្យជនជាតិថៃម្នាក់ចំនួន ១,៥០០បាត ដើម្បីចំណាយនៅពេលពួកគេធ្វើដំណើរកម្សាន្តទៅកាន់ខេត្តចំនួន ៥៥ ក្រោមយុទ្ធនាការផ្សព្វផ្សាយ។ នៅក្រោមយុទ្ធនាការនេះប្រជាជនថៃដែលមានអាយុ ១៨ឆ្នាំ ឡើងទៅអាចមានសិទ្ធិចុះឈ្មោះសម្រាប់កម្មវិធីនេះ បន្ទាប់មករដ្ឋាភិបាលនឹងដាក់ប្រាក់ចំនួន ១,៥០០បាត នោះទៅក្នុងគណនីធនាគាររបស់ពួកគេ។
ប្រភពមួយពីក្រសួងហិរញ្ញវត្ថុបាននិយាយថា ពួកគេកំពុងសហការជាមួយក្រសួងទេសចរណ៍ និងកីឡា និងធនាគារ Krung Thai សម្រាប់យុទ្ធនាការនេះ ហើយបានកំណត់ថវិការហូតដល់ ១៥ ពាន់លានបាត។ ហើយពួកគេនឹងស្នើកម្មវិធីនេះទៅឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak និងគណៈរដ្ឋមន្ត្រីដើម្បីពិចារណាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងហិរញ្ញវត្ថុចង់បើកយុទ្ធនាការនេះឱ្យបានមុនខែកក្កដាឆ្នាំនេះ ហើយក្រសួងរំពឹងថាប្រជាជនថៃប្រមាណ ១០លាននាក់ នឹងចុះបញ្ជីកម្មវិធីនេះ៕

Comments